
យោងតាមលទ្ធផលនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) កន្លងមក ក្រុមហ៊ុន បុរី វិមានសំណាង ម.ក (BVS) ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់វិនិយោគិន ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖
• លទ្ធផលនៃការលក់ IPO សរុប៖ ក្រុមហ៊ុនបានលក់ភាគហ៊ុនសរុបចំនួន ២១ ៦៤០ ៣៦០ ភាគហ៊ុន ដែលគិតជាទឹកប្រាក់សរុបចំនួន ៦ ៤៩២ ១០៨ ដុល្លារអាមេរិក ជូនដល់វិនិយោគិនសរុបចំនួន ៣ ២៤៣ នាក់ តាមរយៈការបញ្ជាទិញសរុបចំនួន ៥ ៤៥៧ ដង។ ក្នុងនោះ មានវិនិយោគិនចំនួន ៧៧០ នាក់ បានបញ្ជាទិញលើសពី ១០ ០០០ ភាគហ៊ុនក្នុងម្នាក់ៗ ដែលមានចំនួនសរុប ១៩ ៥៥៩ ៤៨០ ភាគហ៊ុន ឬគិតជាទឹកប្រាក់សរុបចំនួន ៥ ៨៦៧ ៨៤៤ ដុល្លារអាមេរិក។
• ការផ្តល់ជូនទឹកប្រាក់សងត្រលប់ (Cash Back 5%)៖ ស្របតាមគោលការណ៍លើកទឹកចិត្ត វិនិយោគិនទាំង ៧៧០ នាក់ ដែលបានទិញលើសពី ១០ ០០០ ភាគហ៊ុន នឹងទទួលបានទឹកប្រាក់សងត្រលប់ (Cash Back) ចំនួន ៥% ដែលគិតជាទឹកប្រាក់សរុបចំនួន ២៩៣ ៣៩២ ដុល្លារអាមេរិក ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៦។
• ការអញ្ជើញចូលរួមពិធីចុះបញ្ជីជាផ្លូវការ៖ វិនិយោគិនដែលបានបញ្ជាទិញភាគហ៊ុនច្រើនជាងគេចំនួន ៥០ រូប នឹងទទួលបានលិខិតអញ្ជើញជាកិត្តិយស ដើម្បីចូលរួមក្នុងពិធីចុះបញ្ជីជាផ្លូវការនៅថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧:៣០ នាទីព្រឹក នៅអគារផ្សារមូលបត្រកម្ពុជា (CSX) ដោយផ្ទាល់ (ដោយសារចំនួនកន្លែងអង្គុយមានកំណត់)។
ការចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជានេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយនៅក្នុងដំណើរការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់ចំពោះកំណើនអាជីវកម្ម តម្លាភាព និងអភិបាលកិច្ចសាជីវកម្មដ៏ល្អប្រសើរ។
ក្រុមហ៊ុន បុរី វិមានសំណាង ម.ក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវិនិយោគិនទាំងអស់ដែលបានផ្តល់ទំនុកចិត្ត និងចូលរួមក្នុងដំណើរការ IPO នេះ ព្រមទាំងសូមអរគុណដល់និយ័តករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់សម្រាប់ការគាំទ្រ និងកិច្ចសហការដ៏មានតម្លៃ។ ក្នុងឱកាសពិធីបុណ្យអុំទូកដែលនឹងឈានចូលមកដល់នាពេលខាងមុខ ក្រុមហ៊ុនសូមជូនពរដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ដៃគូអាជីវកម្ម និងភាគីពាក់ព័ន្ធទាំងអស់ ទទួលបាននូវភាពរីករាយ សុខសុវត្ថិភាព និងទទួលទានមានបានគ្រប់ៗគ្នា។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
• ទូរស័ព្ទ៖ (855) 70 998 860 / (855) 23 998 860/861/862




