ក្រុមហ៊ុន បុរី វិមានសំណាង ម.ក សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា រៀបចំកម្មវិធីផ្សព្វផ្សាយជាសាធារណៈ (Roadshow) ស្តីពី «ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO
-
Khmer Real Estate Co., Ltd
-
| 25 July 2026, 9:02 am |
-
5 Views

រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ — ក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានសហការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មកម្ពុជា រៀបចំកម្មវិធីផ្សព្វផ្សាយជាសាធារណៈ (Roadshow) យ៉ាងអធិកអធមមួយ ស្តីពី «ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO)» ដើម្បីបង្ហាញពីកាលានុវត្តភាពវិនិយោគ និងជំហានបោះជំហានយ៉ាងរឹងមាំរបស់ក្រុមហ៊ុនចូលទៅកាន់ទីផ្សារមូលបត្រកម្ពុជា។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឥស្សរជន និងថ្នាក់ដឹកនាំសំខាន់ៗ រួមមាន៖
-ឯកឧត្តម សៀង ធីរិទ្ធិ អគ្គនាយករងនៃ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)
-លោកជំទាវ ថៃ សុខផល្លីន ប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ នៃ និយ័តករមូលបត្រកម្ពុជា
-លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃ បុរី វិមានសំណាង ម.ក
-លោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកា នៃ បុរី វិមានសំណាង ម.ក
-លោកឧកញ៉ា អ៊ុន យុទ្ធី តំណាងសភាពាណិជ្ជកម្មកម្ពុជា
-លោក ពៅ សូវណ្ណារិទ្ធិ នាយកប្រតិបត្តិ នៃ ក្រុមហ៊ុនមូលបត្រ កម្ពុជា




កម្មវិធី Roadshow នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរ និងចែករំលែកព័ត៌មានស៊ីជម្រៅអំពីដំណើរការ IPO ក៏ដូចជាកម្ចាត់ចម្ងល់ផ្សេងៗជូនដល់សាធារណជន និងវិនិយោគិនជាតិ-អន្តរជាតិ។ តាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនេះ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក មិនត្រឹមតែពង្រីកដើមទុនដើម្បីពង្រីកអាជីវកម្មឱ្យកាន់តែរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់តម្លាភាព សុចរិតភាព និងកិត្យានុភាពរបស់ក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃ បុរី វិមានសំណាង ម.ក បានបំពាក់បំប៉នជំនឿចិត្តដល់វិនិយោគិនថា៖
«ការសម្រេចចិត្តចូលរួមក្នុងទីផ្សារមូលបត្រ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយ ដើម្បីបើកឱកាសឱ្យសាធារណជនទូទៅអាចក្លាយជាម្ចាស់ភាគហ៊ុន និងរីកចម្រើនទៅមុខរួមគ្នាជាមួយ បុរី វិមានសំណាង ម.ក។ យើងខ្ញុំប្តេជ្ញាចិត្តប្រកបដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់បំផុតក្នុងការគ្រប់គ្រងអាជីវកម្ម»
ជាមួយគ្នានេះដែរ តំណាងពី និយ័តករមូលបត្រកម្ពុជា និង ក្រុមហ៊ុនមូលបត្រ កម្ពុជា ក៏បានធ្វើបទបង្ហាញលម្អិតអំពីបែបបទបច្ចេកទេស អត្ថប្រយោជន៍ផ្លូវច្បាប់ និងនីតិវិធីនៃការទិញភាគហ៊ុន ជូនដល់អង្គពិធីទាំងមូល ដើម្បីធានាបាននូវការយល់ដឹងច្បាស់លាស់មុននឹងធ្វើការវិនិយោគ។
ព្រឹត្តិការណ៍នេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ពាណិជ្ជករ វិនិយោគិន និងតំណាងប្រព័ន្ធផ្សព្វផ្សាយជាច្រើនរូប ដែលជាសញ្ញាវិជ្ជមានយ៉ាងខ្លាំងសម្រាប់ទីផ្សារដើមទុននៅកម្ពុជា។
ក្រុមហ៊ុន បុរី វិមានសំណាង ម.ក នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ មិនត្រឹមតែក្នុងការអភិវឌ្ឍគម្រោងអចលនទ្រព្យប្រណិតៗ និងមានគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសង្គម ដើម្បីគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង
Cell: +855 12 96 2000 (WhatsApp & Telegram)
Email:
This email address is being protected from spambots. You need JavaScript enabled to view it.