

ជាសហគិ្រនមួយរូបមានប្រវត្តិរកស៊ីយូរឆ្នាំ និងមានបទពិសោធន៍ក្នុងជំនួញអចលនទ្រព្យផងដែរនោះលោកឧកញ៉ាគីម ហ៊ាង បានបង្ហើបប្រាប់Business Cambodiaថា សហគ្រិនទូទៅដែលមានកំហុសក្នុងជំនួញរបស់ខ្លួន ភាគច្រើនគឺសុទ្ធសឹងតែកើតឡើងដោយខ្លួនឯង ហើយកំហុសនោះទៀតសោត គឺសុទ្ធតែលោកធ្លាប់បានឃើញ និងជួបជាញឹកញាប់ផងដែរ។
ដើម្បីឱ្យកាន់តែច្បាស់ និងទាញជាប្រយោជន៍ដល់សហគ្រិនទូទៅផងដែរនោះ លោកបណ្ឌិត ឧកញ៉ាគីម ហ៊ាង បានសង្កត់ធ្ងន់ទៅលើកំហុស៥ចំណុចធំៗដូចជា៖
១.ឆាប់មោទកភាពជ្រុល
លោកបណ្ឌិតបានពន្យល់ត្រង់ចំណុចនេះថា ការចាប់ផ្ដើមអាជីវកម្មដំបូង សហគ្រិនឆាប់មានមោទកភាពជ្រុល ពោលគឺ៣ឆ្នាំដំបូង ពេលដែលអាជីវកម្មជោគជ័យ សហគ្រិនបែរមិនយកចិត្តទុកដាក់ និងចាប់ផ្ដើមបែកខ្លួនទៅចាប់អាជីវកម្មថ្មីៗ ខណៈពេលដែលអាជីវកម្មចាស់ នៅជោគជ័យមួយកម្រិតនៅឡើយ។
នេះជាហានិភ័យខ្លាំងបំផុត ដែលសហគ្រិនគួរប្រុងប្រយ័ត្ន ទៅកាន់តែខ្ពស់ កាន់តែប្រឹង មិនគួរប្រលែងដៃ មិនប្រុងប្រយ័ត្ន ដែលជាកត្តានាំឱ្យអាជីវកម្មឆាប់បរាជ័យខ្លាំងបំផុត។
២.ឆាប់បែកឆ្វេង
ឆាប់បែកឆ្វេងនេះ គឺសំដៅទៅលើសហគ្រិនមួយចំនួន ដែលឆាប់ផ្លាស់ប្ដូរទម្លាប់លឿនពេក ឆាប់ផ្លាស់ប្ដូរគោលដៅ ផ្លាស់ប្ដូរចរិត និងមានអំណួនខ្លាំងពេក ដែលហេតុធ្វើឱ្យមុខជំនួញ ចាប់ផ្ដើមធ្លាក់ចុះ។ សហគ្រិនគួររក្សាទម្លាប់ឱ្យបានត្រឹមត្រូវបំផុត មិនគួរបែកឆ្វេងទៅផ្លូវមិនល្អ ខណៈពេលទើបជោគជ័យតិចតួចឡើយ។នេះជាហានិភ័យដែលនាំឱ្យសហគ្រិន បាត់បង់ទាំងអាជីវកម្ម និងតម្លៃខ្លួនឯងផងដែរ។
៣.មានបញ្ហាចំណេះដឹងធនធានមនុស្ស
ចំពោះការគ្រប់គ្រងធនធានមនុស្ស គឺមានបញ្ហាដោយសារតែសហគ្រិន មិនបានត្រៀមទុកមុន ខណៈពេល សហគ្រិនជោគជ័យក្នុងអាជីវកម្មលឿនពេក ហើយវារឹតតែមានបញ្ហាធំ នៅពេលសហគ្រិនមិនបានចាត់ចែងច្បាស់លាស់នូវធនធានមនុស្ស នៅក្នុងក្រុមហ៊ុន ដែលជាហេតុធ្វើឱ្យបុគ្គលិក ធ្វើការមិនស្មើដៃគ្នា បង្កើតជាឬសគល់បញ្ហាផ្ទៃក្នុង។
លោកគីម ហ៊ាង បានប្រាប់បន្ដថា បុគ្គលិកជាសរសៃឈាមក្រុមហ៊ុន តែមេដឹកនាំ មិនប្រុងប្រយ័ត្ន នាំឱ្យអាជីវកម្មទាំងមូល ជួបវិបត្តិធំ ដោយមានបុគ្គលិកខ្មោចឆៅច្រើន ពោលគឺជាបុគ្គលិកដែលគ្មានអារម្មណ៍ធ្វើការច្រើន មកបឺតជញ្ជក់ឈាមក្រុមហ៊ុន។ ដូច្នេះគ្រប់ជំនួញទាំងតូច ទាំងធំ ត្រូវមានប្រព័ន្ធគ្រប់គ្រងឱ្យបានល្អ ដើម្បីគេចបញ្ហាដែលកើតឡើងពីធនធានមនុស្ស។
៤.កំហុសហិរញ្ញវត្ថុ
ចំណេះដឹងហិរញ្ញវត្ថុគឺសំខាន់ណាស់ ទើបលោកឧកញ៉ាចោទជាចំណុចសំខាន់បំផុតថា សហគ្រិនច្រើនណាស់ ដែលបរាជ័យដោយសារវិបត្តិហិរញ្ញវត្ថុ។ពេលដែលអាជីវកម្មចាប់ផ្ដើមដំបូង ហើយជោគជ័យលឿនពេក នឹងនាំឱ្យការគ្រប់គ្រងហិរញ្ញវត្ថុឆាប់ជួបវិបត្តិ ហើយក៏កើតជាបញ្ហាធំ នាំឱ្យអ្នករកស៊ីជាប់បំណុល និងប្រឈមមុខនឹងការក្ស័យធន់។
៥.ការតស៊ូនៅមានកម្រិត
ឧកញ៉ាគីម ហ៊ាងបានប្រាប់ថា ត្បិតតែមិនធ្លាប់បរាជ័យ តែក៏គោលដៅខ្លះមិនទាន់ជោគជ័យដែរ ក៏ប៉ុន្ដែគឺលោកមិនដែលបោះចោល ក្ដីស្រមៃឬគោលដៅងាយៗនោះទេ ដូច្នេះទើបលោកឃើញសហគ្រិនមួយចំនួនដែលបរាជ័យ គឺការតស៊ូនៅមានកម្រិត មិនត្រឹមតែប៉ុណ្ណោះគ្មានការអំណត់ក្នុងគោលដៅរបស់ខ្លួនឱ្យបានច្បាស់លាស់។
លោកឧកញ៉ាបានបញ្ជាក់ថា សហគ្រិនគួរតែបត់បែនឱ្យគ្រប់កាលៈទេសៈ ពីព្រោះកត្តាខ្លួនឯងគឺសំខាន់ណាស់ ឯឥទ្ធិពលពីមជ្ឈដ្ឋានខាងក្រៅគឺមួយផ្នែកប៉ុណ្ណោះ។គ្រប់គោលដៅទាំងអស់គឺខ្លួនឯងជាអ្នកសម្រេច បើចង់ទៅដល់កន្លែងណាមួយ ត្រូវតែប្រឹងឱ្យខ្លាំងបំផុត ត្រូវស្វែងរកឱ្យគ្រប់មធ្យោបាយ ដើម្បីទៅដល់គោលដៅ។
អត្ថបទដោយ៖ នឹម ផានុន