ដោយ ៖ រ៉ាណេត
ភ្នំពេញៈ ជាទូទៅមនុស្សស្ទើរតែគ្រប់គ្នាសុទ្ធតែបានដឹង និងទទួលស្គាល់ថា វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងតែមានភាពរីកចម្រើនយ៉ាងល្អប្រសើរ ដែលជំរុញឱ្យតម្លៃដីមានការកើនឡើងជាប់ជាប្រចាំ ខណៈដែលតម្រូវការនៃការប្រើប្រាស់ដីមានកំណើន។
ហេតុអ្វីបានជាកម្ពុជាមានភាពទាក់ទាញ ការវិនិយោគលើវិស័យលើមួយនេះកាន់តែច្រើន? តបទៅនឹងចម្ងល់មួយនេះ អ្នកជំនាញបានពន្យល់ជាមួយនឹងការលើកយកហេតុផលមកបញ្ជាក់ដូចខាងក្រោម។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Keller Williams Cambodia លោកបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះថា មានមូលហេតុ និងកត្តាសំខាន់ៗចំនួន៥ ដែលធ្វើឱ្យដីធ្លីឡើងថ្លៃ។
ទី១ កត្តានយោបាយ៖ គឺសុខសន្តិភាព និងស្ថិរភាពនយោបាយ ជាផ្នែកមួយដែលធ្វើឱ្យតម្លៃដីធ្លីកើនឡើង ព្រោះបើសិនជាប្រទេសយើងគ្មានសន្តិភាព និងស្ថិរភាពនយោបាយ ក៏មិនមានអ្នកវិនិយោគចូលមកដែរ ហើយដីក៏មិនឡើងថ្លៃដែរ។
ទី២ កត្តាសេដ្ឋកិច្ច៖ សេដ្ឋកិច្ចពិតជាមានសារៈសំខាន់ ព្រោះបើសេដ្ឋកិច្ចមិនកើនឡើង ប្រជាពលរដ្ឋក៏មិនមានប្រាក់ចំណូលកើនឡើងដែរ ហើយអ្នកវិនិយោគបើពួកគេមិនអាចរកផលចំណេញបាន ពួកគេក៏មិនមកវិនិយោគនោះដែរ។
ទី៣ កត្តាពាណិជ្ជកម្ម និងសេដ្ឋកិច្ចមូលដ្ឋាន៖ តាមធម្មតា នៅពេលតំបន់ណាមួយគ្មានសកម្មភាពពាណិជ្ជកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍទេ តម្លៃដីធ្លីក៏មិនឡើងថ្លៃនោះដែរ។ ផ្ទុយទៅវិញ បើសិនជាតំបន់ណាមួយនោះមានសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មផុសផុល តម្លៃដីធ្លីនឹងកើនឡើងជាស្វ័យប្រវត្តិមិនខាន។
ទី៤ កត្តាប្រជាសាស្ត្រ៖ ជាធម្មតា តម្លៃដីធ្លីមិនកើនឡើងនៅទីវាលរហោស្ថានឬស្ងប់ស្ងាត់ និងគ្មានមនុស្សរស់នៅច្រើននោះទេ បើទោះជាកើនឡើងក៏មិនកើនឡើងនៅក្នុងកម្រិតមួយទាបដែរ ព្រោះថាទីណាមានមនុស្សច្រើន សកម្មភាពអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនឹងកើនឡើងនៅតំបន់នោះ ហើយពេលណាសកម្មភាពពាណិជ្ជកម្មកើនឡើង តម្លៃដីធ្លីក៏កើនឡើងផងដែរ។
ទី៥ កត្តាហេដ្ឋារចនាសម្ព័ន្ធ៖ ជាការពិតហេដ្ឋារចនាសម្ព័ន្ធគឺជាផ្នែកមួយយ៉ាងសំខាន់ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចពាណិជ្ជកម្ម ព្រោះតំបន់ណាមួយមិនមាន ហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់នោះទេ សកម្មភាពពាណិជ្ជកម្មនឹងមិនមានភាពប្រសើរនោះដែរ។ ជាក់ស្តែងផ្លូវជាតិលេខ៦A ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣ ក្រោយពេលរដ្ឋាភិបាលប្រកាសពង្រីកសកម្មភាព នៃការអភិវឌ្ឍន៍បានកើនឡើង បានធ្វើឱ្យតម្លៃដីនៅតាមតំបន់ទាំងនេះមានការកើនឡើងខ្ពស់លើសការរំពឹងទុក៕

