Khmer Real Estate League 2018 ចាប់​ផ្តើម​ឆាប់​ៗ​ដោយ​គ្រោង​ចំណាយ​១​​ម៉ឺន​ដុល្លារ​ – Khmer Real Estate
Loading...

Events

Khmer Real Estate League 2018 ចាប់​ផ្តើម​ឆាប់​ៗ​ដោយ​គ្រោង​ចំណាយ​១​​ម៉ឺន​ដុល្លារ​

ការ​ប្រកួត​បាល់ទាត់​​ពាក់​កណ្តាល​អាជីព​ Khmer Real Estate League 2018 នឹង​ចាប់​ផ្តើម​ឆាប់​ៗ​​នេះ​ហើយ​ដោយ​ស្ថាបនិក​គ្រោង​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​ចំនួន​១​ម៉ឺន​ដុល្លារ​អាមេរិក​​រដូវ​កាល​នេះ។

 

រូបភាព​កាល​ពី​រដូវ​កាល​២០១៧

លោក​​បណ្ឌិត​ គីម ហ៊ាង ប្រធាន​ក្រុម​ហ៊ុន​ Khmer Real Estate និង​ជា​ស្ថាបនិក​​ពាន​រង្វាន់​មួយ​នេះ​បាន​ប្រាប់​ថា​ រដូវ​កាល​២០១៨​នេះ​​​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​កំណត់​យក​ក្រុម​​២០​ដើម្បី​ចូល​រួម​ប្រកួត។ ការ​ប្រកួត​​​ធ្វើ​ឡើង​តាម​រូប​មន្ត​​​សន្សំ​ពិន្ទុ​ ប៉ុន្តែ​​តែ​១​ជើង​ប៉ុណ្ណោះ​ដោយ​ក្រុម​នីមួយ​ៗ​ត្រូវ​ជួប​គ្នា​ម្តង។ បន្ទាប់​ពី​ចប់​ការ​ប្រកួត​សរុប​ទាំង​​អស់​១៩​ប្រកួត​ ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​​នឹង​​ក្លាយ​ជា​ជើង​ឯក​ ក្រុម​មាន​ពិន្ទុ​លំដាប់​ទី​២​ក្លាយ​ជា​ជើង​ឯក​រង​ និង​ក្រុម​មាន​ពិន្ទុ​លំដាប់​លេខ​៣​ទទួល​បាន​ចំណាត់​ថ្នាក់​​លេខ​៣​រហូត​ដល់​ចំណាត់​ថ្នាក់​លេខ​៥។

ចំពោះ​លក្ខន្តិកៈ​សម្រាប់​កីឡាករ​វិញ​គ្មាន​អ្វី​ស្មុគ​ស្មាញ​ឡើយ​។ ​ក្រុម​នីមួយ​ៗ​អាច​​មាន​​កីឡាករ​​​ដែល​កំពុង​លេង​លីគ​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​២០១៨​នេះ​​ចំនួន​២​នាក់​(​​ទាំង​កីឡាករ​ខ្មែរ​ និង​បរទេស)។ ​ក្រៅ​ពី​កីឡាករ​កំពុង​ក្នុង​លីគ​រដូវ​កាល​២០១៨​អាច​ចូល​រួម​​​បាន​ទាំង​អស់​ពោល​គឺ​ក្រុម​យុវជន​ជម្រើស​ជាតិ​ក៏​បាន​​ ក្រុម​មួយ​មាន​កីឡាករ​បរទេស​សុទ្ធ​ក៏​បាន យុវជន​តាម​ក្លឹប​ក៏​បាន។​

ស្ថាបនិក​រូប​នេះ​បន្ត​ថា​ ក្រុម​នីមួយ​ៗ​ត្រូវ​បង់​ប្រាក់​ចំនួន​២០០​ដុល្លារ​អាមេរិក​​ និង​តម្កល់​ទុក​១០០​ដុល្លារ​។ ប្រាក់​បង់​២០០​ដុល្លារ​ពី​២០​ក្រុម​ស្មើ​៤​ពាន់​ដុល្លារ​អាមេរិក​​​គឺ​សម្រាប់​​សម្រាប់​បរិច្ចាគ​ទៅ​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា​​ចំនួន​​​២​ពាន់​ដុល្លារ និង​​២​ពាន់​ដុល្លារ​​សម្រាប់​គណៈកម្មការ​អាជ្ញា​កណ្តាល​​។ ចំណែក​ប្រាក់​តម្កល់​​១០០​ដុល្លារ​​ ក្រុម​អាច​ដក​យក​វិញ​បាន​​ក្រោយ​ចប់​ការ​ប្រកួត​ពាន​រង្វាន់។

ចំណែក​ប្រាក់​រង្វាន់​ និង​ការ​ចំណាយ​ផ្សេង​ៗ​ជា​ការ​ទទួល​បន្ទុក​របស់​ម្ចាស់​ស្ថាបនិក​ពាន​ទាំង​អស់។តាម​ការ​គ្រោង​ទុក​នឹង​ចំណាយ​ប្រមាណ​១​ម៉ឺន​ដុល្លារ​អាមេរិក​​​ក្នុង​នោះ​៦​ពាន់​ដុល្លារ​អាមេរិក​ប្រាក់​រង្វាន់​​ និង​​​៤​ដុល្លារ​អាមេរិក​​សម្រាប់​ដំណើរ​ការ​ផ្សព្វផ្សាយ។

រូបថត​កាល​ពី​រដូវ​កាល​២០១៧

ប្រាក់​រង្វាន់​តាម​ចំណាត់​ថ្នាក់​​

  • លេខ​១៖ ទទួល​បាន​ពាន​១​ មេដាយ​មាស​ ​បាល់​៣​គ្រាប់​ និង​ប្រាក់​៨​លាន​រៀល
  • លេខ​២៖ ទទួល​បាន​ពាន​១​ មេដាយ​ដាយ​ប្រាក់ បាល់់​៣​គ្រាប់​​​ និង​ប្រាក់​៦​លាន​រៀល
  • លេខ​៣៖ ទទួល​បាន​ពាន​១​ មេដាយ​សំរឹទ្ធ​ បាល់​៣​គ្រាប់​ និង​ប្រាក់​៤​លាន​រៀល
  • លេខ​៤៖ ទទួល​បាន​ពាន​១​ មេដាយ​សំរឹទ្ធ​ បាល់​៣​គ្រាប់​ និង​ប្រាក់​២លាន​រៀល
  • លេខ​៥៖ ទទួល​បាន​ពាន​១​ មេដាយ​សំរឹទ្ធ​ បាល់​៣​គ្រាប់​ និង​ប្រាក់​១​លាន​រៀល
  • ក្រុម Fair Play៖ ទទួល​បាន​៥០​ម៉ឺន​រៀល

ឆ្នាំ​២០១៨​នេះ​ជា​រដូវ​កាល​ទី​៧​ហើយ​ បន្ទាប់​ពី​ចាប់​ផ្តើម​​ពាន​រង្វាន់​នេះ​ដំបូង​ឆ្នាំ​២០១២។ កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​ ក្រុម​ Bayon Wonderer ជា​ជើង​ឯក​ ខណៈ​ក្រុម​ Khmer United ដែល​ជា​របស់​ស្ថាបនិក​បាន​ត្រឹម​ជើង​ឯក​រង។

  • ចាប់​ផ្តើម​ទទួល​ពាក្យ​ចូល​រួម​ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​​១២​ ដល់​២៧​ ខែ​មីនា​ ឆ្នាំ​២០១៨
  • ប្រកួត​បើក​ឆាក​សប្បុរស​ធម៌​ថ្ងៃ​ទី​១​ ខែ​មេសា​ និង​ប្រកួត​ពាន​រង្វាន់​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៨​
  • ទទួល​ពាក្យ​ និង​ដាក់​ពាក្យ​​ចូល​រួម​ប្រកួត​តែ​មួយ​កន្លែង​គត់​​គឺ​ក្រុម​ហ៊ុន​ខ្មែរ​ រៀល​ អ៊ិស្ទេត​។ ទាក់ទង​លេខ​៖ 077 96 2000
  • ការ​ប្រកួត​ធ្វើ​ឡើង​រាល់​ថ្ងៃ​សៅរ៍-អាទិត្យ​នៅ​ទីលាន​ដំរី​ស​ និង​ទី​លាន RUPP​​