លោក គីម ហ៊ាង សម្រេចបំណងម្ដាយ បានជោគជ័យ ក្រោយតស៊ូសិក្សា ថ្នាក់បណ្ឌិតជិត ១០ឆ្នាំ – Khmer Real Estate
Loading...

Events

លោក គីម ហ៊ាង សម្រេចបំណងម្ដាយ បានជោគជ័យ ក្រោយតស៊ូសិក្សា ថ្នាក់បណ្ឌិតជិត ១០ឆ្នាំ

ភ្នំពេញ៖ លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) និងជាប្រធានក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត បានសម្រេចបំណងប្រាថ្នាដ៏ធំ របស់អ្នកមានគុណទាំងទ្វេ ពិសេសគឺម្ដាយរបស់ខ្លួន ដែលបានទទួលមរណភាពអស់រយៈពេល ២០ឆ្នាំកន្លងទៅដោយជោគជ័យ បន្ទាប់ពីលោកការពារនិក្ខេបបទ បញ្ចប់ថ្នាក់បណ្ឌិត ឯកទេស “គ្រប់គ្រងពាណិជ្ជកម្ម” បានសម្រេច និងជាប់ជាស្ថាពរ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ ។ក្រោយបញ្ចប់ការការពារនិក្ខេបបទ ស្ដីពីភាពជោគជ័យក្នុងជំនួញ អចលនទ្រព្យខាងលើ លោក គីម ហ៊ាង បានលើកឡើងថា ខ្លួនមានមោទណៈភាពខ្លាំងណាស់ ចំពោះការបញ្ចប់ការសិក្សាកម្រិតខ្ពស់មួយនេះ ។ មិនតែប៉ុណ្ណោះ លោកថែមទាំងបាន គាស់រំលើងពីប្រវត្តិតស៊ូ និងគោលបំណងសំខាន់ក្នុងការសិក្សា រហូតចំណាយពេលជិត ១០ឆ្នាំ ដើម្បីសិក្សាថ្នាក់បណ្ឌិតឯកទេស “គ្រប់គ្រងពាណិជ្ជកម្ម” និងបញ្ចប់ដោយជោគជ័យនាថ្ងៃនេះផងដែរ ។

លោក គីម ហ៊ាង បាននិយាយថា «ការប្រឡងយកសញ្ញាបត្រថ្នាក់បណ្ឌិត គឺជាបំណងដ៏ធំមួយក្នុងជីវិត ក្រោយមានការជំរុញពីអ្នកមានគុណ ពិសេសគឺម្ដាយខ្ញុំ ចង់ឃើញខ្ញុំរៀនចប់ថ្នាក់(បណ្ឌិត) ។ ប៉ុន្ដែមុនឈានដល់ចំណុចនេះ ខ្ញុំសូមរំឭកប្រវត្តិខ្ញុំកាលពីក្មេងបន្ដិច ។ កាលពីក្មេងខ្ញុំជាកូនអ្នកមាន និងមានជីវភាពធូរធាងាយស្រួលក្នុងការសិក្សា ដោយចាប់ពីថ្នាក់បឋម រហូតមុនខ្ញុំប្រឡងបាក់ឌុប (មធ្យមសិក្សាទុតិយភូមិ) ខ្ញុំមានអ្វីៗគ្រប់យ៉ាង ព្រោះមានគ្រួសារជាអ្នកផ្គត់ផ្គង់» ។

«ប៉ុន្ដែក្នុងឆ្នាំ១៩៩៧ ស្របពេលការរកស៊ីខាតចុងខាតដើម ហើយជាអកុសលម្ដាយខ្ញុំស្លាប់ទៀត អ្វីដែលខ្ញុំធ្លាប់មានត្រូវបានបាត់បង់ ហើយការសិក្សាក៏ប្រឈម នឹងការលំបាកជាច្រើន…។ ប៉ុន្ដែដោយសារខ្ញុំប្រកាន់ជំហរបើយើង មិនចាប់ផ្ដើមពេលនេះ តើយើងត្រូវចាំដល់ពេលណា? រួមទាំងសម្ដីម្ដាយខ្ញុំ ដែលចង់ឲ្យខ្ញុំរៀនអស់ថ្នាក់ផងនោះ ខ្ញុំក៏បានតស៊ូសិក្សារហូតប្រឡងជាប់បាក់ឌុប និងរៀនចប់ថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតជាបន្ដបន្ទាប់ មុននឹងខ្ញុំបន្ដការសិក្សាថ្នាក់បណ្ឌិត នៅឆ្នាំ២០០៧» ។ លោក គីម ហ៊ាង បន្ថែម ។

លោកបន្ដថា «ឆ្នាំ២០០៧-២០០៨ គឺជាឆ្នាំខ្ញុំបើកអាជីវកម្មរកស៊ីវិស័យដីធ្លីលើកដំបូង ហើយក៏ជាពេលវេលាខ្ញុំមានគ្រួសារ ត្រូវស្វែងរកប្រាក់ចំណូល បន្ថែមផងដែរ ។ ប៉ុន្ដែដោយភាពមមាញឹកក្នុងការរកស៊ីពេក ធ្វើឲ្យប៉ះពាល់ដល់ការសិក្សាថ្នាក់បណ្ឌិត ខ្ញុំក៏ផ្អាកការសិក្សាត្រឹមឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១២ ទើបខ្ញុំបន្ដការសិក្សាជាថ្មី តែត្រូវផ្អាកម្ដងទៀត មុននឹងខ្ញុំចាប់ផ្ដើមជាលើកទី៣ នៅឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្នសរុបជិត ១០ឆ្នាំ ទើបខ្ញុំទទួលបានជោគជ័យ ក្នុងបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដូច្នេះ ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ ព្រោះការតស៊ូមួយនេះទទួលបានជោគជ័យ ដើម្បីសម្រេចបំណងរបស់ម្ដាយខ្ញុំ មុននឹងគាត់ចែកឋានទៅ» ៕