លីក​ខ្មែរ​រៀល​អ៊ីស្ទេត ត្រៀម​ប្រើ​លុយ​ដើម្បី​ពង្រឹង​សុក្រឹត​ភាព – Khmer Real Estate
Loading...

Events

លីក​ខ្មែរ​រៀល​អ៊ីស្ទេត ត្រៀម​ប្រើ​លុយ​ដើម្បី​ពង្រឹង​សុក្រឹត​ភាព

ភ្នំពេញៈ ស្ថាបនិក​រៀបចំ​ការ​ប្រកួត​បាល់ទាត់​លីក​ខ្មែរ​រៀល​អ៊ីស្ទេត Khmer Real Estate League (KRE League) គ្រោង​នឹង​ចំណាយ​ថវិកា​មួយ​ចំនួន​ធំ ក្នុង​ការ​ជួល​ក្រុម​អាជ្ញា​កណ្តាល ដែល​ស្រឡាញ់​កីឡា​ពិតៗ​ដើម្បី​ចូលរួម​កាត់​សេចក្តី ក្នុងការ​ប្រកួត​រដូវកាល​ទី ៧ ឆ្នាំ ២០១៨ ឲ្យ​មាន​ភាព​សុក្រឹត។

លោក គីម ហ៊ាង អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​រៀល​អ៊ីស្ទេត និង​ជា​ស្ថាបនិក​បង្កើត Khmer Real Estate League នេះ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «នេះ​ជា​ឆ្នាំ​ទី ៧ ហើយ ដែល​យើង​បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​នេះ​ឡើង ហើយ​នៅ​ឆ្នាំ​នេះ យើង​នឹង​បង្កើន​អ្វី​ដែល​ប្លែក​ជាង​មុន ដោយ​យើង​យក​តែ ២០ ក្រុម​ចូលរួម​ទេ ហើយ​ត្រូវ​ប្រកួត​តាម​រូបមន្ត​លីក ត្រឹម​តែ ១ ជុំ រួច​កំណត់​យក​ក្រុម​ម្ចាស់​ជយ​លាភី តែ​ម្តង»។

ជាមួយនឹង​គម្រោង​នៃ​ការ​ប្រកួត​នេះ ក្រុមហ៊ុន​ខ្មែរ​រៀលអ៊ីស្ទេត ដែល​មាន​ទីតាំង​នៅ​ផ្លូវ​កម្ពុជា​ក្រោម ក្បែរ​ស្តុប​សន្ធរម៉ុក នឹង​ចាប់​បើក​ទទួល​ពាក្យ​ក្រុម​ចូលរួម នៅ​ទីស្នាក់ការ​របស់​ខ្លួន​ផ្ទាល់ ពីថ្ងៃ​ទី ១១ រហូត​ដល់​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ​នេះ ដោយ​កំណត់​យក​តែ ២០ ក្រុម​ទេ។

ចំណែក​លក្ខខណ្ឌ​នៃ​ការប្រកួត គឺ​ក្រុម​នីមួយៗ អាច​ដាក់​កីឡាករ​អាជីព កំពុង​លេង​នៅ​លីក​កំពូល​កម្ពុជា ឆ្នាំ ២០១៨ បាន​ត្រឹម ២ នាក់​ក្នុង ១ ក្រុម ចំណែក​កីឡាករ​បរទេស ក្រុម​ជម្រើស​ជាតិ​យុវជន​ថ្នាល អតីត​កីឡាករ​ជម្រើស​ជាតិ ឬ​កីឡាករ​ធ្លាប់​លេង​នៅ​លីក​កំពូល​កម្ពុជា ក្រៅ​ពី​ឆ្នាំ ២០១៨ នេះ គឺ​អាច​ចូល​រួម​បាន​ដោយ​បើក​ចំហ ហើយ​ពេល​ប្រកួត​ក្រុម​មួយៗ​អាច​ប្តូរ​កីឡាករ​ដោយ​សេរី កុំ​ឲ្យ​តែ​ជាន់​ឈ្មោះ​កីឡាករ។

សម្រាប់​ការប្រកួត​រដូវ​កាល​ថ្មី​នេះ លោក គីម ហ៊ាង គ្រោង​នឹង​ចំណាយ ១ ម៉ឺន​ដុល្លារ សម្រាប់​ចំណាយ​ទៅ​លើ​ការ​ប្រកួត និង​ការ​ផ្តល់​ប្រាក់​រង្វាន់ ដល់​ក្រុម​ជយ​លាភី។ ជាមួយ​គ្នា​នេះ លោក​បាន​ដាក់​ចេញ​នូវ​គោល​ការណ៍ ថ្មី ដើម្បី​ពង្រឹង​គុណភាព​ការ​ប្រកួត​នេះ​ឲ្យ​បាន​កាន់​តែ​ល្អ ពិសេស​មាន​ភាព​សុក្រឹត យុត្តិធម៌ ក្នុងការ​កាត់​សេចក្តី ចៀស​វាង​មាន​ការ​រិះគន់​ពី​ក្រុម​ចូល​រួម។

លោក ហ៊ាង បាន​បន្ថែម​ថា៖ «ការ​រៀបចំ​ពាន​រៀល​អ៊ីស្ទេត ៦ ឆ្នាំ​កន្លង​មក​នេះ យើង​បាន​ចាយ​លុយ​របស់​ក្រុមហ៊ុន​ខ្មែរ​រៀល​អ៊ីស្ទេត ១០០ ភាគរយ គឺ​យើង​មិន​ដែល​យក​លុយ​ពី​ក្រុម​ចូលរួម ឬ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ខាង​ក្រៅ សូម្បី ១ រៀល ហើយ​នៅ​ឆ្នាំ​នេះ យើង​នៅ​តែ​បន្ត​ទម្លាប់​នេះ​ដដែល ប៉ុន្តែ​ប្លែក​ត្រង់​ថា នៅ​ឆ្នាំ​នេះ​ក្នុង ១ ក្រុម យើង​តម្រូវ​ឲ្យ​បង់​ប្រាក់ ២០០ ដុល្លារ សរុប​បាន ៤០០០ ដុល្លារ ហើយ​ថវិកា​នេះ យើង​នឹង​ដក​យក ២០០០ ដុល្លារ ទៅ​ឲ្យ​ខាង​មន្ទីរពេទ្យ​គន្ធបុប្ផា ចំណែក​នៅ​សល់ ២០០០ ដុល្លារ​ទៀត​យើង​ទុក​សម្រាប់​ជួល​គណៈ​កម្មការ និង​អាជ្ញា​កណ្តាល យក​មក​កាត់​សេចក្តី​ក្នុង​ការ​ប្រកួត​នេះ»។

លោក​បាន​បញ្ជាក់​ថា៖ «តាម​បទពិសោធ​រៀបចំ ៦ ឆ្នាំ​មក​នេះ យើង​មាន​បញ្ហា​ច្រើន​ទាក់ទង​នឹង​គណៈ​កម្មការ អាជ្ញា​កណ្តាល ហើយ​ឥឡូវ​នេះ​បញ្ហា​ហ្នឹង​វា​នៅ​សល់ អ៊ីចឹង​យើង​ត្រូវ​តែ​ធ្វើការ​បោស​សម្អាត​បន្ត​ទៀត ដោយ​យើង​ត្រូវ​រក​ជួល​គណៈ​កម្មការ អាជ្ញា​កណ្តាល ដែល​ស្រឡាញ់​កីឡា​ចេញ​ពី​បេះដូង សម្រាប់​យក​មក​កាត់​សេចក្តី ក្នុង​ការ​ប្រកួត​នេះ ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​សុក្រឹត និង​យុត្តិធម៌ សម្រាប់​ក្រុម​ចូលរួម​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា»៕

over_0

សកម្ម​ភាព​ប្រកួត​លីក​ខ្មែរ​រៀល​អ៊ីស្ទេត ដែលបាន​​ធ្វើ​នៅ​ទី​លាន​ដំរីស កាល​ពី​ឆ្នាំ ២០១៧។ ស្រេង ម៉េងស្រ៊ុន