ម្ចាស់អាជីវកម្ម KW-កម្ពុជា បង្ហើបទស្សនៈ វិស័យដ៏ធំ ក្រោយទិញ Franchise ពីអាមេរិក – Khmer Real Estate
Loading...

Events

ម្ចាស់អាជីវកម្ម KW-កម្ពុជា បង្ហើបទស្សនៈ វិស័យដ៏ធំ ក្រោយទិញ Franchise ពីអាមេរិក

ភ្នំពេញ ៖ លោកបណ្ឌិត គីម ហ៊ាង ម្ចាស់អាជីវកម្មក្រុមហ៊ុន Keller Williams Cambodia (KW-កម្ពុជា) បានបង្ហើបគម្រោងដ៏ធំមួយ បន្ទាប់ពីបាន ចុះហត្ថលេខាទិញ Master Franchise  ពីក្រុមហ៊ុនអាមេរិក Keller Williams Realty (KW) គឺមហិច្ឆតាគ្រប់គ្រង ទីផ្សាដីធ្លីស្រុកខ្មែរ យ៉ាងហោច ៣០% ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ។ ការអះអាងនេះ ស្របពេលលោក និង ថ្នាក់ដឹកនាំ KW កម្ពុជា ១០នាក់ បានធ្វើដំណើរទៅចូលរួមកម្មវិធី  MEGA CAMP 2018 នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១១-១៩  ខែសីហា ឆ្នាំ២០១៨ខាងមុខ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នាអាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ ថ្ងៃសៅរ៍នេះ លោកបណ្ឌិត គីម ហ៊ាង មានប្រសាសន៍ថា ថ្នាក់ដឹកនាំក្រុមហ៊ុន KW-កម្ពុជា ចូលរួមកម្មវិធី របស់ក្រុមហ៊ុន យក្សអាមេរិកខាងលើ គឺដើម្បីសិក្សាឲ្យកាន់តែស៊ីជម្រៅពីសក្ដានុពល និងវិធីសាស្ដ្រក្រុមហ៊ុន លំដាប់កំពូលពិភពលោកនេះ សម្រាប់ជួយអភិវឌ្ឍធនធានមនុស្ស និងវិស័យអចលនទ្រព្យ កម្ពុជា ព្រោះ Keller Williams Realty គឺជាក្រុមហ៊ុនមានគំរូអាជីវកម្ម ស័ក្តិសម ជាមួយស្ថាន ភាពទីផ្សារប្រទេសកម្ពុជា  ដែលសម្បូរប្រជាជនវ័យក្មេង ហើយភ្នាក់ងារជាច្រើន មិនទទួល បានការបណ្ដុះបណ្ដាល និងមានអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ដើម្បីទទួលបានការបណ្ដុះ បណ្ដាល និងការរកស៊ីក្រោមដំបូលដ៏ធំរបស់ក្រុមហ៊ុន ។

លោកថា ក្រោយ KW-កម្ពុជា បើកដំណើរនាឆ្នាំ២០១៩ ក្រុមហ៊ុននឹងបើកវគ្គបណ្ដុះបណ្ដាល ដល់បុគ្គលិកខ្លួនជារៀងរាល់ខែ ហើយឆ្នាំ២០២២ ក្រុមហ៊ុននឹងបើកវិទ្យាស្ថានម័យ សម្រាប់ បណ្ដុះបណ្ដាលមនុស្សទូទៅ ដើម្បីឈានទៅសម្រេចគោលដៅក្នុងរយៈពេល ១០ឆ្នាំ ។ លោកថា «គំរូអាជីវកម្ម ដែលយើងគ្រោងបង្កើត យើងបានកំណត់បង្កើតគ្រប់ខណ្ឌ ស្រុក និងខេត្ត មួយក្នុងរយៈពេល ១០ឆ្នាំក្រោយ  ។ អាជីវកម្មយើងថ្ងៃក្រោយ រាល់ការទិញ-លក់ដីធ្លី យើងនឹងមានការិយាល័យគ្រប់ខេត្ត-ក្រុង ។ អញ្ចឹងយើងមានទស្សនៈវិស័យមួយ យើងចង់ គ្រប់គ្រងចំណែកមួយ នៃអាជីវកម្មដីធ្លីស្រុកខ្មែរឲ្យបានយ៉ាងហោច ៣០% ក្នុងរយៈពេល ១០ឆ្នាំខាងមុខ» ។

កម្មវិធី MEGA CAMP 2018 ខាងលើ ក្រៅពីប្រតិភូ និងថ្នាក់ដឹកនាំក្រុមហ៊ុន Keller Williams Cambodia ទាំង ១០នាក់ ក៏មានសមាជិករបស់ក្រុមហ៊ុន Keller Williams Realty សរុបទាំង ៩,០០០នាក់ចូលរួមផងដែរ ដែលនឹងដំណើរផ្លូវការរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែសីហា នៅរដ្ឋ TEXAS ។ ចំពោះកម្មវិធីសិក្សាបែងចែកជា ២វគ្គ រួមទី១៖ វគ្គពិសេស សម្រាប់មនុស្សម្នាក់ តំណាងប្រទេសមួយ និងវគ្គទី២ ផ្ដោតលើដំណើរការអាជីវកម្មរបស់ Keller Williams Realty ដោយនិយាយពីបច្ចេកទេស និងវិធីសាស្ដ្រ នាំឲ្យក្រុមហ៊ុន ដំណើរ ការបានជោគជ័យ ដោយអនុវត្តតាមស្ដង់ដារ របស់ក្រុមហ៊ុនរកបានចំណូលជាង ១,០០០លានដុល្លារ កាលពីឆ្នាំ២០១៧ នេះ ៕