ព័ត៌មានជាតិ KW Cambodia ទទួលបានគម្រោងធំ មុនសម្ពោធផ្លូវការ – Khmer Real Estate
Loading...

Events

ព័ត៌មានជាតិ KW Cambodia ទទួលបានគម្រោងធំ មុនសម្ពោធផ្លូវការ

ភ្នំពេញ៖ ថ្វីត្បិតក្រុមហ៊ុន Keller Williams Cambodia(KW Cambodia) មិនទាន់រកថ្ងៃសម្ពោធឃើញក្ដី ប៉ុន្ដែក្រុមហ៊ុននាំ ចូលពីសហរដ្ឋអាមេរិកនេះ បានទទួលសិទ្ធិលក់គម្រោងដ៏ធំ ក្រោយចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Country Garden ដើម្បីលក់គម្រោង Forest City ដែលជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានយក្ស ក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណ ១០០ពាន់លានដុល្លារ នៅទីក្រុង Johor Bahru ប្រទេសម៉ាឡេស៊ី ។

ពិធីចុះកិច្ចសន្យាលក់អចលនទ្រព្យ រវាងក្រុមហ៊ុនលំដាប់ ពិភពលោកទាំងពីរខាងលើ បានធ្វើឡើង នៅមជ្ឈមណ្ឌល កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមវត្តមានលោកបណ្ឌិត គីម ហ៊ាង ម្ចាស់ក្រុមហ៊ុន Keller Williams Cambodia និងលោក Fuzhi Geng ប្រធានផ្នែកលក់ និងទីផ្សាររបស់គម្រោង Forest City ក៏ដូចសមាជិករបស់ក្រុមហ៊ុន Keller Williams Cambodia ជាង ១០០នាក់ផងដែរ ។

លោកបណ្ឌិត គីម ហ៊ាង បញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ សម្រាប់ដំណើរការអាជីវកម្ម របស់ក្រុមហ៊ុន KW Cambodia ដែលទើបនាំចូលមកកម្ពុជា ហើយក៏ជាឱកាសដ៏ល្អ សម្រាប់ភ្នាក់ងាររបស់ខ្លួន ដើម្បីបញ្ចេញសមត្ថ និងប្រកួតប្រជែងលើទីផ្សារអន្ដរជាតិ តាមរយៈការលក់គម្រោង Forest City ដែលជាគម្រោងអភិវឌ្ឍន៍ លំនៅឋានលំដាប់ប្រទេស នៅម៉ាឡេស៊ី និងមានចម្ងាយប្រមាណ ១០គីឡូម៉ែត្រ ពីព្រំដែនសិង្ហបុរី ។

លោកថា «យើងបានចរចាគ្នាជាង ២ខែមកហើយ ទម្រាំឈានដល់ការចុះកិច្ចសន្យាថ្ងៃនេះ ហើយយើងនឹងបន្ដធ្វើការងារ ជាមួយគ្នាមួយចំនួនទៀត ដើម្បីនាំអតិថិជនខ្មែរ ដែលមានលទ្ធភាព និងមានចំណាប់អារម្មណ៍ ទៅទិញគម្រោង Forest City ។ ថ្ងៃនេះយើងចុះហត្ថលេខារួចហើយ ចឹងយើងនឹងបន្ដដំណើរមួយជំហានទៀត ដើម្បីជំរុញភ្នាក់ងារយើង ទៅសិក្សាបន្ថែមនៅម៉ាឡេស៊ី បន្ទាប់មកយើងនឹងនាំ អ្នកមានលទ្ធភាពទៅទិញតែម្ដង» ។

គួរបញ្ជាក់ថា ទន្ទឹមជាមួយការចុះកិច្ចសន្យា រវាងភាគីទាំងពីរ អ្នកជំនាញផ្នែកលក់របស់គម្រោង Forest City ក៏បានធ្វើបទបង្ហាញ និងចែករំលែកនូវចំណេះដឹងជាច្រើន ជុំវិញទីផ្សារអចលនទ្រព្យលើពិភពលោក ក៏ដូចជាគម្រោងរបស់ខ្លួនផ្ទាល់ ដល់សមាជិករបស់ក្រុមហ៊ុន Keller Williams Cambodia ដើម្បីទុកជាមូលដ្ឋានគ្រឹះ សម្រាប់ណែនាំដល់អតិថិជនរបស់ខ្លួនផងដែរ ៕