ពាន​ពាក់កណ្តាល​អាជីព ប្រកាស​រក​ក្រុម​ខ្លាំង​ចូលរួម​ប្រកួត – Khmer Real Estate
Loading...

Events

ពាន​ពាក់កណ្តាល​អាជីព ប្រកាស​រក​ក្រុម​ខ្លាំង​ចូលរួម​ប្រកួត

ភ្នំពេញៈ «​បើ​ខ្លាច​កុំ​លេង បើ​លេង​កុំ​ខ្លាច​» វា​ជា​ទ្រឹស្តីបទ​ដែល​ស្ថានិក​បង្កើត​បាល់ទាត់​ពាន Khmer Real Estate League លោក គីម ហ៊ាង បាន​ប្រើ ដើម្បី​រំឭក​ដល់​ក្រុម​មាន​បំណង​ចង់​ចូលរួម​ប្រកួត​នៅ​ឆ្នាំ​នេះ ខណៈ​ពាន​នេះ​បាន​វិវឌ្ឍ​ទៅ​ជា​ពាន​ពាក់កណ្តាល​អាជីព​យ៉ាង​ពិតប្រាកដ និង​បាន​ប្តូរ​ឈ្មោះ​មក​ជា​ការប្រកួត Keller Williams Cambodia League 2019 ឬ​ហៅ​កាត់​ថា KW Cambodia League 2019​។

លោក គីម ហ៊ាង ដែល​ជា​ប្រធាន​ក្រុមហ៊ុន​ខ្មែរ​រៀលអ៊ីស្ទេត​បាន​ថ្លែង​ថា​៖ «​ការបើក​ឲ្យ​មាន​ការប្រកួត Khmer Real Estate League តាំងពី​ឆ្នាំ​ ២០១២ ដល់​ឆ្នាំ​ ២០១៨ គឺ​យើង​ចង់​ឲ្យ​មាន​ក្រុម​ចូលរួម​ច្រើន ព្រោះ​ជា​ពាន​មិន​អាជីព ប៉ុន្តែ​ពេល​នេះ​ពាន​របស់​យើង​បាន​ឈាន​ដល់​ពាក់កណ្តាល​អាជីព និង​បាន​ប្តូរ​ឈ្មោះ​មក​ជា KW Cambodia League 2019 អ៊ីចឹង​យើង​ត្រូវ​តែ​សម្រិតសម្រាំង​យក​ក្រុម​មាន​សមត្ថភាព​ល្អ​ឲ្យ​ចូល​លេង​នៅ​ឆ្នាំ​នេះ ដើម្បី​ឲ្យ​ការប្រកួត​ល្អ​មើល​»​។

នៅក្នុង​សន្និសីទ​កាសែត​ស្តីពី​ការត្រៀម​បើក​ការប្រកួត​រដូវកាល​ថ្មី​កាលពី​ចុង​សប្តាហ៍​មុន ម្ចាស់​ឧបត្ថម្ភ​គឺ​ក្រុមហ៊ុន Keller Williams Cambodia ដែល​បាន​ចំណាយ​ទឹកប្រាក់​ ២ ​ម៉ឺន​ដុល្លារ ដើម្បី​រៀបចំ​ការប្រកួត​ពាន​នេះ និង​លោក គីម ហ៊ាង បាន​សម្រេច​កំណត់​យក​តែ​ ១៦ ​ក្រុម​ទេ​ឲ្យ​ចូលរួម​ការប្រកួត​ពាន KW Cambodia League 2019 ​នេះ​គឺ​តិច​ជាង​ឆ្នាំ​ ២០១៨ ដែល​មាន​ ២០ ​ក្រុម​។

ចំពោះ​លក្ខខណ្ឌ​នៃ​ការចូលរួម​មាន​ការបើកចំហ​ខ្លាំង​គឺ​មាន​ការកំណត់​តែ​កីឡាករ​លេង​នៅ​លីក​កំពូល​កម្ពុជា​ឆ្នាំ​ ២០១៩ ​ប៉ុណ្ណោះ​ដែល​ ១ ​ក្រុម​ឲ្យ​មាន​តែ​ ៣ ​នាក់​ក្រៅពី​នោះ​ទាំង​អតីត​កីឡាករ​ជម្រើស​ជាតិ ក្រុម​ជម្រើសជាតិ​គ្រប់​កម្រិត និង​កីឡាករ​ធ្លាប់​លេង​នៅ​លីក​កំពូល​ឆ្នាំ​ ២០១៨ ឬ​ឆ្នាំ​ ២០១៧ រួម​ទាំង​កីឡាករ​បរទេស​គ្រប់​ជាតិ​សាសន៍​អាច​ដាក់​ឲ្យ​ចូល​លេង​ដោយ​គ្មាន​ការកំណត់ គឺ​ ១ ​ក្រុម​តែ​ម្តង​ក៏​បាន​ហើយ​ពេល​នេះ​មាន​ក្រុម​ដែល​មាន​កីឡាករ​បរទេស​សុទ្ធ​ចំនួន​ ៦ ​ក្រុម​បាន​ដាក់​ពាក្យ​ចូលរួម​រួច​ហើយ​។

លោក​បណ្ឌិត គីម ហ៊ាង បាន​បញ្ជាក់​ថា​៖ «​កាលពី​ឆ្នាំ​មុន​យើង​មាន​ក្រុមបរទេស​សុទ្ធ​ ៤ ​ក្រុម​តែ​ឆ្នាំ​នេះ​មាន​ក្រុម​បរទេស​សុទ្ធ​ ៦ ​ក្រុម​ហើយ​បាន​ដាក់​ពាក្យ ឯ​ក្រុម​ខ្មែរ​យើង​ភាគច្រើន​ជា​ក្រុម​ចាស់វស្សា​ហើយ​ខ្លាំង អ៊ីចឹង​ពាន​យើង​ជា​ពាន​មួយ​មាន​ការបើកចំហ​ខ្លាំង​ជាង​ពាន​ផ្សេង​ទៀត​នៅ​កម្ពុជា ព្រោះ​បាល់ទាត់​អត់​និយាយ​អ្នកខ្លាំង ឬ​អ្នកខ្សោយ​នោះ​ទេ ដូច្នេះ​ទ្រឹស្តីបទ​របស់​យើង​គឺ បើ​ខ្លាច​កុំ​លេង បើ​លេង​កុំ​ខ្លាច ហើយ​ក្នុង​នាម​ជា​ម្ចាស់​កម្មវិធី និង​អ្នករៀបចំ​កម្មវិធី​គឺ​ខ្ញុំ​ធានា​បាន​ថា អាជ្ញាកណ្តាល​នឹង​មាន​យុត្តិធម៌​ក្នុង​ការ​កាត់សេចក្តី​»​។

យ៉ាងណា​ក៏ដោយ​លោក គីម ហ៊ាង នៅតែ​ចង់​ឲ្យ​មាន​ក្រុម​ច្រើន​បាន​ដាក់​ពាក្យ​ចូលរួម ដើម្បី​គណៈកម្មការ​រៀបចំ​អាច​ជ្រើសរើស​បាន​ក្រុម​មាន​សមត្ថភាព​ខ្លាំងៗ​ចូលរួម​ប្រកួត​នៅ​ឆ្នាំ​នេះ ហើយ​ការប្រកួត​នឹង​ត្រូវ​ឡើង​នៅលើ​ទីលាន​ចំនួន​​ ២ គឺ​កីឡដ្ឋាន​វេស្ទើន និង​ទីលាន KMH Park ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ២៤ ខែ​កុម្ភៈ​តទៅ​។

ចំណែក​ប្រាក់​រង្វាន់​ដែល​ត្រូវ​ទទួល​បាន​គឺ​ជើងឯក KW Cambodia League កើន​ដល់​ ២៤ ​លាន​រៀល​ជើងឯក KW Cambodia Cup បាន​ ១២ ​លាន លេខ​ ២ ​បាន​ ៨ ​លាន​លេខ​ ៣ ​បាន​ ៦ ​លាន​រៀល​ក្រុម Fair play បាន​ ២ ​លាន ឯ​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាងគេ និង​អ្នក​ចាំទី​ល្អ​បាន​ ១ ​លាន​រៀល​ដូចគ្នា​។

ជាមួយ​គ្នា​នោះ​លោក សៀក សុវណ្ណ អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​របស់​ទីលាន KMH Park និង​លោក ភូ សម្បត្តិ នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​នៃ​ក្រុមហ៊ុន KW Cambodia បាន​គាំទ្រ​ចំពោះ​ការរៀបចំ​ឲ្យ​មាន​ពាន​ពាក់កណ្តាល​អាជីព​នេះ ដើម្បី​ចូលរួម​បណ្តុះបណ្តាល​ធនធាន​បាល់ទាត់ និង​លើក​កម្ពស់​វិស័យ​កីឡា​បាល់ទាត់​នៅ​កម្ពុជា​។

លោក ភូ សម្បត្តិ បាន​និយាយ​ថា​៖ «Keller Williams ជា​ភ្នាក់ងារ​អចលនវត្ថុ​ធំជាង​គេ​នៅ​លើ​ពិភពលោក​ដែល​ទើប​បាន​ចូល​មក​កម្ពុជា​នៅ​ឆ្នាំ​ ២០១៩ ​នេះ​ហើយ​ការចូលរួម​ឧបត្ថម្ភ​ដល់​ការប្រកួត​នេះ​គឺ​យើង​ចង់​ចូលរួម​បណ្តុះបណ្តាល​មនុស្ស​តាមរយៈ​កីឡា ព្រោះ​កីឡា​ធ្វើឲ្យ​មនុស្ស​មាន​សុខភាព​ល្អ និង​ធ្វើឲ្យ​មនុស្ស​ខំប្រឹងប្រែង​ដើម្បី​ទទួល​បាន​ជោគជ័យ​នៅ​លើ​ជំនាញ​របស់​ពួកគាត់​»៕