ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ចង់ឲ្យរាជរដ្ឋាភិបាលពិនិត្យលទ្ធភាពសាងសង់ផ្ទះលក់ជូនមន្រ្ដីរាជការ ក្នុងតម្លៃត្រឹម១ម៉ឺនដុល្លារ – Khmer Real Estate
Loading...

Events

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ចង់ឲ្យរាជរដ្ឋាភិបាលពិនិត្យលទ្ធភាពសាងសង់ផ្ទះលក់ជូនមន្រ្ដីរាជការ ក្នុងតម្លៃត្រឹម១ម៉ឺនដុល្លារ

(ភ្នំពេញ)៖ បន្ទាប់ពីមើលឃើញពីតម្រូវការផ្ទះតម្លៃថោក សម្រាប់មន្រ្ដីរាជការនោះ, លោកបណ្ឌិត គឹម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យលទ្ធភាពក្នុងការសាងសង់ផ្ទះ ដែលមានតម្លៃត្រឹមតែ១ម៉ឺនដុល្លារ លក់ជូនដល់មន្រ្ដីរាជការ។

ការលើកឡើងបែបនេះ របស់ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ ក្នុងន័យជួយសម្រួលដល់ការរស់នៅរបស់មន្រ្ដីរាជការ ព្រោះថា ពួកគាត់មិនអាច​រពឹងលើប្រាក់ខែមកទិញផ្ទះ ដែលមានតម្លៃថ្លៃបាននោះឡើយ។

ថ្លែងក្នុងកិច្ចសម្ភាសន៍កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ដែលជាកម្មវិធីថ្មីរបស់ទូរទស្សន៍ Fresh News នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ លោកបណ្ឌិត គឹម ហ៊ាង​ ប្រធាន​សមាគម​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានបកស្រាយយ៉ាងលម្អិតអំពី «ភាពចាំបាច់ក្នុងការអភិវឌ្ឍ​សាងសង់ផ្ទះតម្លៃទាប សម្រាប់ប្រជាពលរដ្ឋ​ និងមន្ត្រីរាជការនៅកម្ពុជា»

លោកបណ្ឌិតបានឲ្យដឹងថា ដែលហៅថា ផ្ទះរបស់រដ្ឋជាផ្ទះដែលរាជរដ្ឋាភិបាល ចេញមុខសាងសង់ផ្ទះលក់ឲ្យមន្ដ្រីរាជការ ដោយសារតែមន្រ្ដីរាជការ ជាបុគ្គលដែលជំរុញការងាររដ្ឋបាលប្រទេសជាតិ ហើយប្រាក់ចំណូលមានកម្រិតមានន័យថា ប្រសិនបើគាត់យកប្រាក់ខែដែលបានមកពីការងារ ជាមន្ដ្រីរាជការទៅទិញផ្ទះជារឿងមួយ ដែលមិនអាចនោះឡើយ ព្រោះថា បើរំពឹងលើប្រាក់ខែមន្រ្ដីរាជការ ដែលពួកគាត់ចំណាយលើការផ្គត់ផ្គង់ជីវភាពរស់នៅ ហើយសល់លុយទិញផ្ទះ នៅក្នុងតម្លៃទីផ្សារបច្ចុប្បន្ននេះជា រឿងមួយដែលមិនអាចកើតឡើងបានឡើយ។

លោកបន្ដទៀតថា ដោយមើលឃើញពីភាពលំបាកដូច្នេះ ទើបរាជរដ្ឋាភិបាលតាមបណ្ដាប្រទេសមួយចំនួន ចេញគោលការណ៍សង់ផ្ទះរបស់រដ្ឋនេះឯង។

លោកថា «ខ្ញុំអាចនិយាយបានថា ផ្ទះរបស់រដ្ឋ ជាដីរបស់រដ្ឋ ដោយរាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើហេដ្ឋារចនាសម្ព័ន្ធឲ្យរួចរាល់មានន័យថា ក្នុងនោះរាជរដ្ឋាភិបាលនឹងសាងសង់ប្រព័ន្ធលូ ទឹក ភ្លើង គ្រប់បែបយ៉ាងទាំងអស់ ដើម្បីឲ្យក្រុមហ៊ុនឯកជននានា ធ្វើការដេញថ្លៃវិនិយោគ»

លោកបន្ថែមទៀតថា «រាជរដ្ឋាភិបាលមានដីជាច្រើនណាស់ ហើយប្រសិនបើដីទាំងអស់នេះ រាជរដ្ឋាភិបាលសម្បទានសម្រាប់សាងសង់ផ្ទះ លក់ឲ្យមន្រ្ដីរាជការ ពិតជាមានផលចំណេញច្រើនមែនទែន ព្រោះថា មន្រ្ដីរាជការពួកគាត់ធ្វើការយូរណាស់មកហើយ តែមិនមានផ្ទះនៅ នេះជារឿងអភ័ព្វណាស់។ ប្រសិនបើរាជរដ្ឋាភិបាលមានគោលការណ៍ ផ្ដល់ដីដល់ក្រុមហ៊ុនឯកជនវិនិយោគ ដើម្បីសាងសង់ផ្ទះ និងលក់ឲ្យមន្ដ្រីរាជការ ក្នុងតម្លៃក្រោម១ម៉ឺនដុល្លារខ្ញុំគិតថា​ មិនខ្វះទេ ក្រុមហ៊ុនដែលចង់សាងសង់ ប៉ុន្ដែប្រសិនបើឲ្យក្រុមហ៊ុនឯកជនទាំងនោះទៅទិញដីសាងសង់លំនៅដ្ឋាន ដោយខ្លួនឯងក្រុមហ៊ុននឹងចំណាយច្រើន ហើយតម្លៃលក់អាចដល់៣ម៉ឺនដុល្លារ ដូច្នេះបើមន្រ្ដីរាជការពឹងលើប្រាក់ខែសុទ្ធប្រហែលជាមិនអាច ទិញផ្ទះតម្លៃ៣ម៉ឺនដុល្លារបានឡើយ»

លោកបានបន្ថែមទៀតថា ប្រសិនបើផ្ទះនេះមានតម្លៃ១ម៉ឺនដុល្លារ ពួកគាត់អាចបង់រំលោះរយៈពេល១០ឆ្នាំនឹងអស់ ប៉ុន្ដែបើផ្ទះនោះមានតម្លៃ៣ម៉ឺន ហើយប្រាក់ខែពួកគាត់មានត្រឹមតែ២៥០ដុល្លារ​ទៅ៥០០ដុល្លារ ដែលត្រូវចំណាយក្នុងការបង់ផ្ទះផង, ចំណាយលើជីវភាពរស់នៅផង, សួរថាតើតម្លៃផ្ទះប៉ុណ្ណឹងពួកគាត់អាចបង់ទៅរួចឬទេ?។

លោកបានបន្ថែមទៀតថា «សម្រាប់ផ្ទះរដ្ឋដែលខ្ញុំលើកមកនិយាយនេះ គឺសម្រាប់លក់ឲ្យតែមន្ដ្រីរាជការ….ក្នុងប្រទេសកម្ពុជា មានមន្ដ្រីរាជការប្រមាណ១លាននាក់ តែមិនមែនមានន័យថា តម្រូវឲ្យរាជរដ្ឋាភិបាលធ្វើផ្ទះសម្រាប់លក់ជូន មន្រ្ដីរាជការចំនួន១លានល្វែងនោះឡើយ ប៉ុន្ដែអាចធ្វើបាន១ពាន់ដល់១ម៉ឺនល្វែង មើលទៅតាមដំណើរការជាក់ស្ដែង ហើយលក់ឲ្យមន្រ្ដីរាជការ ទៅតាមអ្វីដែលបានកំណត់ នេះជាការសម្រួលបន្ទុករបស់មន្រ្ដីរាជការបានមួយកម្រិត»

លោកបញ្ជាក់ថា នេះជារឿងចាំបាច់មួយដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវផ្ដល់ដល់មន្រ្ដីរាជការដែលបានបម្រើរដ្ឋ អស់រយៈពេលយូរណាស់មកហើយ៕