បណ្ឌិត គីម ហ៊ាង បង្ហាញមហិច្ឆតាគ្រប់គ្រងទីផ្សារដីធ្លី ក្នុងស្រុកឲ្យបាន៣០% នៅ១០ឆ្នាំខាងមុខ ក្រោយទិញ Franchise ក្រុមហ៊ុនអចនទ្រព្យដ៏ល្បីនៅអាមេរិក យកមកកម្ពុជា – Khmer Real Estate
Loading...

Events

បណ្ឌិត គីម ហ៊ាង បង្ហាញមហិច្ឆតាគ្រប់គ្រងទីផ្សារដីធ្លី ក្នុងស្រុកឲ្យបាន៣០% នៅ១០ឆ្នាំខាងមុខ ក្រោយទិញ Franchise ក្រុមហ៊ុនអចនទ្រព្យដ៏ល្បីនៅអាមេរិក យកមកកម្ពុជា

(ភ្នំពេញ)៖ បច្ចុប្បន្ននេះទីផ្សារអចលនទ្រព្យ ក្នុងប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា កំពុងមានសន្ទុះយ៉ាងឆាប់រហ័ស ជាពិសេស​នារយៈពេលប្រមាណជា៣-៤ឆ្នាំចុងក្រោយនេះ។​ ដោយមើលឃើញ ពីភាពរីកចម្រើននេះហើយ ទើបលោកបណ្ឌិត គីម ហ៊ាង ម្ចាស់អាជីវកម្ម Keller Williams Cambodia (KW-កម្ពុជា) បានសម្រេចចុះហត្ថលេខា​ទិញ​សិទ្ធិ Master Franchise ពី​ក្រុមហ៊ុន​អចលនទ្រព្យ​អាមេរិក Keller Williams Realty (KW) យក​មក​ប្រទេស​កម្ពុជា​។

ក្នុងការនាំចូល Master Franchise ពី​ក្រុមហ៊ុន​អចលនទ្រព្យ​អាមេរិក Keller Williams Realty (KW) យក​មក​ប្រទេស​កម្ពុជា​នេះ ត្រូវបានលោកបណ្ឌិត គីម ហ៊ាង បានបង្ហាញពីទស្សនៈវិស័យយ៉ាងធំ គឺនឹងគ្រប់គ្រងទីផ្សារក្នុងស្រុកឲ្យបាន៣០% នៅ១០ឆ្នាំខាងមុខ បន្ទាប់ពីមានវត្តមាន KW នៅម្ពុជានេះ។

ថ្លែងក្នុងពេលលោក រួមនឹងសមាជិកប្រមាណ១០នាក់ ធ្វើដំណើរទៅចូលរួមកម្មវិធី MEGA CAMP 2018 នៅសហរដ្ឋអាមេរិកនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ លោកបណ្ឌិត គីម ហ៊ាង បានឲ្យដឹងថា ការនាំចូល KW-កម្ពុជា ពិតជាផ្ដល់អត្ថប្រយោជន៍ច្រើនមែនទែន ចំពោះអ្នកធ្វើការលើវិស័ដីធ្លី ម្ចាស់ក្រុមហ៊ុន និងរាជរដ្ឋាភិបាលកម្ពុជា។

លោកថា KW ជាក្រុមហ៊ុនមកពីប្រទេសសហរដ្ឋអាមេរិក ដូចអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថា បើនិយាយ​ពីក្រុមហ៊ុន ឬការរកស៊ីលើវិស័យដីធ្លី អាមេរិកជាប្រទេសមួយ ដែលគោរពច្បាប់យ៉ាងតឹងរឹងបំផុត ដូច្នេះហើយសម្រាប់អ្នក​ដែលចង់ចូល KW ដាច់ខាត​ត្រូវតែគោរពច្បាប់ ដាច់ខាតត្រូវតែបង់ពន្ធ១០០% ទៅតាមការកំណត់​របស់រដ្ឋ។

លោកបន្ដទៀតថា សម្រាប់ KW-កម្ពុជា ពេលដំណើរការអាជីវកម្មនឹងតម្រូវឲ្យបង់ពន្ធ១០០% ដោយឡែកសម្រាប់បម្រើការងារនៅ KW-កម្ពុជា ក៏តម្រូវឲ្យមានអាជ្ញាបណ្ណ។ ដូចអ្នកទាំងអស់គ្នាជ្រាបហើយថា បច្ចុប្បន្ននេះ​អ្នកបម្រើការងារលើវិស័យដីធ្លី អ្នកខ្លះមានអាជ្ញាបណ្ណ ហើយអ្នកខ្លះក៏អត់ ប៉ុន្ដែពេលដែលចូល KW-កម្ពុជា អ្នកទាំងនោះ​ដាច់ខាត់ ត្រូវបង់ពន្ធទទួលអាជ្ញាបណ្ណ ហើយនៅពេលដែលមានការបង់ពន្ធ នោះរាជរដ្ឋាភិបាលនឹងទទួលបានផលប្រយោជន៍។

លោកបានបញ្ជាក់ទៀតថា «សម្រាប់គំរូអាជីវកម្ម KW-កម្ពុជា យើងគ្រោងបង្កើតឲ្យដូចធនាគារអេស៊ីលីដា នៅកម្ពុជានាពេលបច្ចុប្បន្ននេះ មានន័យថា យើងនឹងបង្កើតភ្នាក់ងារគ្រប់ខណ្ឌ-ខេត្តត្រូវមាន KW-កម្ពុជា១ ហើយរយៈពេល៥-១០ឆ្នាំក្រោយ គ្រប់ស្រុក-គ្រប់ខេត្តទាំងអស់ក្នុងប្រទេស​កម្ពុជា ត្រូវមានការិយាល័យ KW-កម្ពុជា១ ហើយយ៉ាងមានទស្សនៈ​វិស័យយ៉ាងធំ ក្នុងការគ្រប់គ្រងទីផ្សារដីធ្លី ឲ្យបាន៣០ភាគរយ ក្នុងរយៈពេល១០ឆ្នាំក្រោយ»

សូមជម្រាបថា កម្មវិធី MEGA CAMP 2018 ក្រៅពីប្រតិភូ និងថ្នាក់ដឹកនាំក្រុមហ៊ុន Keller Williams Cambodia ទាំង១០នាក់ ក៏មានសមាជិករបស់ក្រុមហ៊ុន Keller Williams Realty សរុបទាំង ៩,០០០នាក់ ចូលរួមផងដែរ ដែលនឹងដំណើរការរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែសីហា នៅរដ្ឋ TEXAS ។

ចំពោះកម្មវិធីសិក្សាបែងចែកជា២វគ្គ រួមទី១៖ វគ្គពិសេសសម្រាប់មនុស្សម្នាក់ តំណាងប្រទេសមួយ និងវគ្គទី២ ផ្ដោតលើដំណើរការអាជីវកម្មរបស់ Keller Williams Realty ដោយនិយាយពីបច្ចេកទេស និងវិធីសាស្ដ្រ នាំឲ្យក្រុមហ៊ុនដំណើរការ បានជោគជ័យ ដោយអនុវត្តតាមស្ដង់ដាររបស់ក្រុមហ៊ុនរកបានចំណូលជាង១,០០០លានដុល្លារកាលពីឆ្នាំ២០១៧។

សូមបញ្ជាក់ថា កម្ពុជា​ជា​ប្រទេស​ទី៤ ក្នុង​តំបន់​អាស៊ាន​ដែល​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក Keller Williams Realty បាន​ចូល​មក​ធ្វើ​ប្រតិបត្តិការ​ទីផ្សារ​ បន្ទាប់ពី​ប្រទេស​វៀតណាម ឥណ្ឌូនេស៊ី និង​ប្រទេស​ហ្វីលីពីន​៕