ក្រុមហ៊ុនដីធ្លីដ៏ធំ របស់អាមេរិក បង្ហាញសញ្ញាណ វិជ្ជមាន ចំពោះវិស័យ ដីធ្លីកម្ពុជា – Khmer Real Estate
Loading...

Events

ក្រុមហ៊ុនដីធ្លីដ៏ធំ របស់អាមេរិក បង្ហាញសញ្ញាណ វិជ្ជមាន ចំពោះវិស័យ ដីធ្លីកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុនដីធ្លីដ៏ធំរបស់អាមេរិក Keller Williams Realty បានដាក់ការជឿជាក់ជាខ្លាំង លើវិស័យដីធ្លីកម្ពុជា នឹងមានការរីក ចម្រើនមួយកម្រិតទៀត នាពេលអនាគត ពិសេស ក្រោយក្រុមហ៊ុន Keller Williams Cambodia បានបង្ហាញវត្តមានផ្លូវការនៅកម្ពុជា ។ នេះបើតាមការលើកឡើង របស់លោកបណ្ឌិត គីម ហ៊ាង ម្ចាស់អាជីវកម្មក្រុមហ៊ុន Keller Williams Cambodia ថ្លែងក្រោយដឹកនាំប្រតិភូ ត្រឡប់មកពីចូលរួមកម្មវិធី  MEGA CAMP 2018 នៅសហរដ្ឋអាមេរិក កាលពីចុងសប្ដាហ៍កន្លងទៅ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចុះពីលើយន្ដហោះកាលពីម្សិលមិញលោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា រយៈពេលប៉ុន្មានខែ ក្រោយលោកបានចុះហត្ថលេខាទិញ Master Franchise  ពី Keller Williams Realty ក្រុមហ៊ុនយក្សអាមេរិកមួយនេះ បានចែករំលែក និងយកចិត្តទុកដាក់ ចំពោះវិស័យដីធ្លីកម្ពុជា ជាក់ស្ដែងក្នុងដំណើរទស្សនៈកិច្ច សិក្សាជា មួយកម្មវិធី MEGA CAMP 2018 ខាងលើ ក្រុមការងារ Keller Williams Cambodian បានទទួលចំណេះដឹងថ្មីៗជាច្រើនពីក្រុមហ៊ុនអាមេរិកខាងលើ និងក្រុមហ៊ុនសមាជិក ផ្សេងៗទៀត ។

លោកបញ្ជាក់ថា «Keller Williams អាមេរិក គេមានការរំពឹងខ្ពស់ណាស់ ចំពោះ Keller Williams កម្ពុជា ព្រោះមុនគេផ្ដល់អាជ្ញាប័ណ្ណ ដល់យើង គេបានសិក្សាពីយើងប្រហែល ៣ឆ្នាំមកហើយ ហើយគេមានការរំពឹងថា វត្តមានរបស់ Keller Williams នៅទីនេះ នឹងផ្ដល់ការធ្វើអាជីវកម្មដី ធ្លីកម្រិតមួយខ្ពស់ជាងពេលបច្ចុប្បន្នបន្ថែមទៀត ពីព្រោះក្នុង Keller Williams  អ្វីក៏ច្បាប់ដែរ គេធ្វើតាមច្បាប់ អ្វីក៏ស្ដង់ដារដែរ»។ លោកថា នេះគឺជាសញ្ញាណវិជ្ជមានដ៏ល្អ ដើម្បីរឹតចំណង មិត្តភាពលើអាជីវកម្មដីធ្លីរវាងកម្ពុជា និងប្រទេសផ្សេងៗ តាមរយៈគ្រួសាររបស់ Keller Williams Realty ។

កត្ដាធ្វើឲ្យថ្នាក់ដឹកនាំ Keller Williams អាមេរិក ជឿជាក់ និងផ្ដល់អាជ្ញាប័ណ្ណដល់កម្ពុជា គឺមានច្រើន ពិសេសការអភិវឌ្ឍន៍ និងភ្នាក់ងារវ័យក្មេងរបស់កម្ពុជា ដែលពួកគេបានចាត់ទុក ជាកម្ពុជាជំនាន់ថ្មី ។ លោកសង្កត់ធ្ងន់ថា « Keller Williams អាមេរិកមានជំនឿចិត្តលើ រាជរដ្ឋាភិបាលកម្ពុជា ១០០% និងភាពរឹងមាំកម្ពុជា ១០០% ។ គេដឹងថា កម្ពុជាកំពុងរីកចម្រើន ដល់កម្រិតមួយ ដែលអាចទុកចិត្តបាន គេដឹងថា ក្រុមការងារ KW កម្ពុជា គឺជាក្រុមមាន ទស្សនៈវិស័យវែងឆ្ងាយ គេទុកចិត្ត និងជឿជាក់កម្ពុជា អាចធ្វើបាន ចឹងគេរីករាយជួយយើង គ្រប់ពេលទាក់ទងនឹងវិស័យដីធ្លី…។ គេមើលឃើញវែងឆ្ងាយ គេមិនមែនមើលឃើញ ១ ឬ ២ថ្ងៃនោះទេ»  ។

ដោយឡែកជុំវិញបេសកកម្មចូលរួមកម្មវិធី MEGA CAMP 2018 ជាង ១សប្ដាហ៍នៅអាមេរិក ថ្នាក់ដឹកនាំក្រុមហ៊ុន Keller Williams Cambodia សុទ្ធតែបានសម្ដែងនូវការពេញចិត្ត ក្រោយ បាន ស្វែងយល់ពីបរិបថថ្មី ក្នុងការធ្វើអាជីវកម្មដីធ្លី ដើម្បីឆ្ពោះទៅរកភាព ជោគជ័យ ជាមួយ បណ្ដា ថ្នាក់ដឹកនាំក្រុមហ៊ុនជាច្រើន តាមរយៈកម្មវិធីរបស់ក្រុមហ៊ុន Keller Williams Realty ហើយថ្នាក់ដឹកនាំរំពឹងថា  នឹងនាំយកចំណេះដឹងទាំងនោះមកផ្សព្វផ្សាយ និងចែករំលែក នៅកម្ពុជា ដើម្បីរួមចំណែកការអភិវឌ្ឍន៍ វិស័យដីធ្លីកម្ពុជាឲ្យកាន់តែរីក ចម្រើនបន្ថែមទៀត ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!